អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំបម្រាមចំនួន ០៩ ចំណុច ចំពោះបុគ្គលដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ Sinopharm ក៏ដូចជាវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដទៃទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំថា មុខសញ្ញាដែលហាម មិនឱ្យចាក់វ៉ាក់សាំង មានដូចតទៅ៖
១. អ្នកមានប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងវ៉ាក់សាំង (អាឡែរហ្ស៊ី) មានន័យថាបុគ្គលហ្នឹងងាយនឹងអាឡែរហ្ស៊ីជាមួយនឹងវ៉ាក់សាំង ហើយធ្លាប់មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង បើទោះជាមិនមែនវ៉ាក់សាំងកូវីដ-១៩ និយាយជារួមគឺឱ្យតែមានប្រវត្តិធ្លាប់ប្រតិកម្មនឹងវ៉ាក់សាំងគឺមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បានទេ។ បុគ្គលនេះត្រូវជម្រាបជូនក្រុមគ្រូពេទ្យជាបន្ទាន់ ចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ដូចជាពិបាកដកដង្ហើម ហើមឬរលាកសរសៃឈាម មានចេញរោគសញ្ញាប្រទាលត្រអាកក៏មិនអាចចាក់បានដូចគ្នា។
២. បុគ្គល ឬអ្នកជំងឺដែលកំពុងឈឺចាប់ ដោយជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ហើយកំពុងក្តៅខ្លួនដោយជំងឺនេះ។
៣. គឺស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងក្នុងស្ថានភាពបំបៅដោះ និងស្ត្រីដែលមានផែនការពពោះក្នុងរយៈពេល០៣ខែ ទី៤. គឺអ្នកដែលមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ឬស្កន់ សរសៃប្រសាទ រលាកស្រោមខួរក្បាល និងជំងឺតំណរពូជ។ល។ ៥. បុគ្គល ឬអ្នកជំងឺដែលមានកង្វះភាពស៊ាំពីកំណើត គឺមានន័យថា គាត់ខ្សោយ អ្នកផ្ទុកមេរោគអេដស៍ មហារីកកូនកណ្តុរ និងអ្នកដែលមានជំងឺឈាមស។
៦. បុគ្គលដែលត្រូវបានសង្ស័យថាមានប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ បេះដូង សសៃរឈាម ថ្លើម តម្រោងនោម និងដុំសាច់មហារីកធ្ងន់ធ្ងរ ។ល។
៧. អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំ នឹងជំងឺមហារីកដុំសាច់ ឬកំពុងតែព្យាបាលជំងឺមហារីក
៨. គឺអ្នកដែលធ្លាប់មានប្រវត្តិធ្លាប់កើតជំងឺកូវីដ-១៩
៩. គឺអ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្តល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរចាក់វ៉ាក់សាំង។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ៦០ម៉ឺនដូស ជាជំនួយជំហានដំបូងរបស់ចិន ក្នុងចំនួន ១លានដូស បានដឹកជញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី៧ កុម្ភះ ហើយគ្រោងនឹងចាប់ផ្តើមចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ទៅលើថ្នាក់ដឹកនាំចាប់ពីរដ្ឋមន្ត្រី រហូតដល់ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងក្រុមអាទិភាពផ្សេងទៀត តាមគោលការណ៍ស្ម័គ្រចិត្ត និងមានអាយុកំណត់ដែលអាចចាក់បានគឺចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំប៉ុណ្ណោះ។
ដោយឡែក គិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៧៤ បានជាសះស្បើយចំនួន ៤៥៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៨នាក់៕