ថ្លើមធំណស់ លួច BMW ពី​ភ្នំពេញ​ជាប់អន្ទាក់​នៅ​កំពង់​ចាម

0
51

សមត្ថកិច្ច​ដាក់​ពង្រាយ​កម្លាំង​តាម​ដងផ្លូវ​បណ្ដាក់​គ្នា​ដូច​ខ្យង រួច​ក៏​ចាប់ខ្លួន​បាន​ក្នុង​ទឹកដី​ស្រុក​ជើងព្រៃ និង​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត លុះ​ពេល​សួរនាំ ក៏​ស្រាប់តែ​បែកធ្លាយ​ករណី​មនុស្ស​.​ឃា​.​ត​.​គិត​ទុកជា​មុន​ទៀត ដែល​ប្រព្រឹត្ត​នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។
លោក​វរសេនីយ៍ឯក​ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ កែវ ចក្រី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​៣៤ ផ្លូវ​ព្រះ​សីហ​នុ ក្នុងភូមិ​បី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ថា នៅ​វេលា​ម៉ោង​១១.០០​នាទី ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​ចោរកម្ម ដោយ​លួច​យក​រថយន្ត​របស់​គាត់​១​គ្រឿង ម៉ាក BMW x5 ស្លាក​លេខ 2AO1944 ភ្នំពេញ ដោយ​រថយន្ត​នោះ​បាន​ភ្ជាប់​ប្រព័ន្ធ GPS ហើយ​បាន​បើក​គេច​ទៅ​តាម​ផ្លូវជាតិ​លេខ​6A ឆ្ពោះ​ចូល​មក​ទឹកដី​ខេត្តកំពង់ចាម ។ អធិការ​នគរបាល​ស្រុក​ជើងព្រៃ ប្រាប់​បន្ត​ថា ពេល​ទទួល​ពាក្យបណ្ដឹង​ខាងលើ​ភ្លាម លោក ឧត្តម​សេនីយ៍ទោ ឯម កុសល ស្នងការ​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​ជើង​ព្រៃ ដឹកនាំ​បញ្ជា​ដោយ​លោក​ផ្ទាល់​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក សំ​ណា​ល ចេញ​ប្រតិបត្តិការ រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ទើប​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មេ​ត សុខ​ណា​ក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​កំពង់​គោ ឃុំ​កំពង់​គោ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ដកហូត រថយន្ត​១​គ្រឿង​ម៉ាក BMW x5 ស្លាក​លេខ​ភ្នំពេញ 2AO 1944 នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​6A ស្ថិត​ក្នុងភូមិ​តា​សែន ឃុំ​សូ​ទិព្វ ខេត្ត​កំពង់​ចាម ។
អធិការ​នគរបាល​ស្រុក​ជើងព្រៃ ប្រាប់​បន្ត​ទៀត​ថា ជន​នេះ​នៅ​ពេល​ដែល​កម្លាំង​នគរបាល​ចរា​ចរណ៍​ស្រុក​បា​ធា​យ​ដែល​ជា​គោលដៅ​ទី​១ ស្រប​ពេល​ដែល​ឃើញ​រថយន្ត​នេះ​បើក​តាម​ដងផ្លូវ​ជាតិ​​លេខ​៦ ក៏​បាន​លើក​សញ្ញា​ហៅ​ឱ្យ​ឈប់​ដើម្បី​សួរនាំ តែ​ជន​នេះ​មិន​បាន​ឈប់​នោះ​ទេ គឺ​រឹតតែ​បន្ថែម​ល្បឿន​បើក​រត់គេច​ឆ្ពោះ​មក​ខាង​មុខ​ទៀត​។ បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរណ៍​ជា​ច្រើន​នាក់ ក៏​បាន​បើករថយន្ត​ដេញ​តាម​ពីក្រោយ និង​បាន​បោះដៃ​មក​កាន់​ស្រុក​ជើងព្រៃ ដើម្បី​ឲ្យ​ជួយ​ចាំ​ស្ទាក់ នៅ​ទីបំផុត​ក៏​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​តែ​ម្តង​។