សិស្សសាលា AIS សាខាជ្រោយចង្វារ ឈ្មោះ តាន់ សម្បត្តិឧត្តម ជិះឡានផ្លាកលេខនគរបាល បំពាក់ស៊ីរ៉ែន ត្រូវបានសមត្ថកិច្ចកោះហៅមកដុះក្អែល

0
74

មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជនដែលបានបើករថយន្តផ្លាកលេខ«នប» ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវឲ្យបានដឹងច្បាស់អំពីព័ត៌មានដែលបានចុះផ្សាយនេះ ។ ក្រោយពីធ្វើការចុះស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែន មកសាលារៀនពិតប្រាកដមែន ។ ដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកបានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរដើម្បីធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូបខាងលើ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលើករណីប្រើប្រាស់រថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន ។

តាមចម្លើយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ដែលពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។ តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខនប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ។ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានស្នើសុំធ្វើផ្លាកលេខនបយកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួនតាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យមិត្តភក្ត្ររបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ ។ អ្នកពាក់ព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់រថយន្តពាក់ផ្លាកលេខ «នប» បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។ ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប និងការប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនដោយជនស៊ីវិលដែលមិនមែនជាសមត្ថកិច្ច ។ ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូតផ្លាកលេខនបមករក្សាទុកមិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និង ដាក់វិន័យកងកម្លាំងចំពោះកំហុសនេះ ផងដែរ ៕