សម្ដេចតេជោ ប្រកាសនឹងចាក់វ៉ាក់សាំងមុនគេ ក្រោយទទួលបានជំនួយពីសាធារណរដ្ឋប្រជាមានិតចិន

0
68

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជូនជនរួមជាតិថា ដើម្បីបង្កើតជំនឿចិត្ត ទៅលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្ដេចនឹងចាក់មុនគេបង្អស់។

នេះបើយោងតាមគេហទំព័រ Facebook ផ្លូវការរបស់សម្តេចទាំងស្រុងបានសរសេរថា ­«ពីរថ្ងៃមុននេះ ខ្ញុំព្រះករុណា ខ្ញុំបានទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិយើងហើយថា យើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិន នូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះ ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាស់ថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែ។ ខ្ញុំព្រះករុណា ខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតារបស់ខ្ញុំ ព្រះករុណាខ្ញុំ រាប់សឹបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!»។

កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយ ជូនជនរួមជាតិ ដោយប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលចិនចំនួន ១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ៕