ក្រុមការងារអនុព័ន្ធការងារស្ថានទូតខ្មែរ ពាំនាំម៉ាស់ និងសម្ភារៈបរិក្ខានានា ជូនដល់ពលករខ្មែរជួបការលំបាក នៅផ្ទះស្នាក់នៅតំបន់អានសាន

0
10

កូរ៉េខាងត្បូង៖ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡាំ ប្រុស និង លោក តូយ ដារិទ្ធ បានចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារៈផ្សេងៗ ដើម្បីជូនទៅដល់ពលករខ្មែរយើងដែលជួបការលំបាកនៅក្នុងផ្ទះស្នាក់នៅតំបន់អានសានចំនួនពីរកន្លែង ប្រមាណ២០នាក់ នេះតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជា។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវម៉ាស់ សៀវភៅណែនាំពីច្បាប់ការងារ ភេសជ្ជៈ អង្ករ ដើម្បីជូនទៅដល់ពលករខ្មែរយើងស្នាក់នៅក្នុងផ្ទះស្នាក់នៅតំបន់អានសាន ហើយក្រុមការងារបន្ទាប់មក ក៏បានអញ្ជើញប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសហការី ញាំអាហារពេលល្ងាចជាមួយគ្នា។

ក្នុងនោះដែរ ក្រុមការងារ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ បងប្អូនពលករខ្មែរ និងធ្វើការណែនាំ ផ្សព្វផ្សាយ អំពីការថែទាំសុខភាពនៅរដូវរងានេះ ការគោរពវិធានការរបស់រដ្ឋាភិបាលកូរ៉េក្នុងដំណាក់កាលកូវីដ-១៩ និងបញ្ហាផ្សេងៗផងដែរ។ បងប្អូន ពលករ បានថ្លែងអំណរគុណជាខ្លាំងដល់រាជរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែជួយពួកគាត់កន្លងមក៕