សម្ដេច ហ៊ុន សែន៖ មានតែអ្នកឈ្នះទេដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ

0
13

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ឱ្យដំណើរការផ្លូវមួយចំនួននៅទីតាំងស្ពានអាកាសចោមចៅ ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រួមមាន ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់សម្ដេចបានបញ្ជាក់ថា សម្ដេចនៅតែបន្តពង្រីកទីក្រុងនេះ និងបន្តការអភិវឌ្ឍមកកាន់ទីនេះ ហើយសម្ដេចបានបញ្ជាក់ថា មានតែអ្នកឈ្នះទេដែលមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ ។ សម្ដេចថាពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ វាមិនដូចគ្នាទេ យើងត្រូវតែដឹងអំពីប្រវត្តិសាស្រ្ត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសង្កត់ធ្ងន់ថា «អ្នកពីមុនលុបបឹងបានដើម្បីអភិវឌ្ឍន៍ភ្នំពេញ គឺមានការលុបបឹង ចុះហេតុអ្វីសម្តេចបច្ចុប្បន្នសម្តេចលុបមិនបាន? ព្រោះត្រូវការអភិវឌ្ឍន»។

សម្ដេចក៏បានរំឭកឲ្យក្រឡេកមើលប្រវត្តិសាស្ត្រពីអតីត ស្ដេចខ្មែរតាំងពីព្រះបាទអង្គឌួង និងជាបន្តបន្ទាប់រហូតដល់សម្ដេច នរោត្ដម សីហនុ ឆ្នាំ ១៩៦០ ដែលមានពេលខ្លះប្រវត្តិសាស្រ្តខ្មែរទឹកដីខ្មែរ នៅពេលខ្លះខ្មែរមានមនុស្សជាង១លាននាក់ប៉ុណ្ណោះ ហើយព្រះបាទអង្គឌួង ក៏បានខិតខំរំដោះប្រទេសឡើងវិញ។

ជាមួយនេះ សម្ដេចបានបញ្ជាក់ទៅអ្នករិះគន់មួយចំនួនថា សម្ដេចបានខិតខំការពារទឹកដីដែលខ្មែរនៅសល់តែប៉ុណ្ណោះ។ ជាក់ស្ដែង ការអភិវឌ្ឍប្រទេសពិតប្រាកដ គឺយើងទើបតែមានសន្តិភាពពេញលេញតែជាង ១០ឆ្នាំប៉ុណ្ណោះ ពោលគឺក្រោយបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨។ សម្ដេចថា អ្វីៗដែលអ្នកវិភាគ អ្នករិះគន់ទាំងឡាយ ត្រូវតែយល់ថា បើមិនស្គាល់ហ៊ុនសែន ដូចខ្មែរមិនស្គាល់ស្ករត្នោត៕