បេីករថយន្តLexus​ LX.470 ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូសណ្ដោងរុឺម៉កបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

0
58

ភ្នំពេញ​ ៖​ បុរសម្នាក់​ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីរ បានបេីករថយន្តឡិចសុីស LX.470 ឆ្លងផ្លូវមិនប្រយ័ត្ន​ត្រូវម៉ូតូសណ្ដោងរុឺម៉កបេីកបរដោយយុវជនម្នាក់​ និងមានមនុស្សប្រុសស្រី៤នាក់ទៀតរួមដំណេីរជាមួយ​ បានមកបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែសំណាងដែរ ដែលគ្មានអ្នករងរបួស​ឬស្លាប់ក្នុងហេតុការណ៍នេះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ បានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២១​នៅចំណុចស្តុបផ្សារដេីមគ​ តាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ៣៣៦​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

តាមសម្ដីយុវជនម្នាក់ដែលជាអ្នកបេីកម៉ូតូសណ្ដោងរុឺម៉ក​បានប្រាប់ថា​ រូបគេមានគ្នាប្រុសស្រី៥នាក់បានបេីករុឺម៉កម៉ូតូដឹកគ្នាមកផ្សារដេីមគដេីម្បីទិញអីវ៉ាន់​ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ក្នុងទិសដៅពីជេីងទៅត្បូងដោយប្រើល្បឿនមធ្យម ខណៈមកដល់ស្តុបផ្សារដេីមគ​ដែលជាចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្ត​ LEXUS LX470 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-2385 ដែលបេីកបរដោយបុរសម្នាក់ទំនងជាស្រវឹង​ និងស្ត្រីម្នាក់រួមដំណេីរជាមួយ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីត្បូងមកជេីង​ ពេលបើកមកដល់ស្តុបក៏បត់ឆ្វេងទៅផ្លូវ៣៣៦​ទាំងមិនប្រយ័ត្ន​ធ្វេីឲ្យគាត់ជាភាគីម៉ូតូសណ្ដោងរុឺម៉កចាប់ហ្វ្រ័ងមិនទាន់ក៏បុករថយន្ត​LEXUS LX470ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យខូចខាតទ្វារចំហៀងខាងស្ដាំតិចតួច​ ។ ចំណែករូបគាត់ភាគីខាងម៉ូតូសណ្ដោងរុឺម៉កបានបាក់ក​ម៉ូតូ​និងដាច់ចេញពីរុឺម៉ករងការខូចខាតយ៉ាងដំណំ​ ប៉ុន្តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ​ ។

ក្រោយកេីតហតុ​ភ្លាមៗ​ ភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន​ រហូតសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោកចុះមកដល់​ ទេីបភាគីខាងរថយន្ត LEXUSLX470 ព្រមសងថ្លៃខូចខាតចំនួន១៥០ដុល្លារឲ្យទៅភាគីខាងម៉ូតូសណ្ដោងរុឺម៉ក​ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងមិនចង់រំខានដល់សមត្ថកិច្ច​ ៕​