រដ្ឋបាលខេត្តកំពត ចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ស្តីពីសំណង់នៅតាមបណ្ដា ក្រុង និង ស្រុក

0
42

អភិបាលខេត្តកំពតបានក្រើនរម្លឹកដល់អ្នកជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក សម្រាប់ឆ្នាំ២០២១ ដោយត្រូវរួមសហការគ្នាបន្តបង្កើនការត្រួតពិនិត្យ តាមដានការអនុវត្តច្បាប់ស្តីពីសំណង់ឱ្យបានម៉ឺងម៉ាត់ ហើយបន្តផ្សព្វផ្សាយច្បាប់ស្តីអំពីសំណង់ឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមអនុវត្តតាមច្បាប់ទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យសំណង់ ស្ថានីយប្រេង ឧស្ម័នឥន្ធនៈ និងសំណង់គ្រប់ប្រភេទតាមបណ្ដាក្រុងស្រុកក្នុងខេត្ត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របទៅនឹងការវិវត្តសេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើន ពាក់ព័ន្ធនឹងវិស័យសំណង់គឺ មានសន្ទុះអភិវឌ្ឍន៍ខ្លាំងនៅកម្ពុជា។ សម្រាប់ខេត្តកំពតសំណង់ថ្មីៗគ្រប់ប្រភេទក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ប៉ុន្តែចំពោះការអនុវត្តច្បាប់សាងសង់បានទទួលស្គាល់ថា នៅមានកម្រិតនៅឡើយ។ ដូច្នេះជំនាញអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវតែមានការយកចិត្តទុកដាក់ចូលរួមសហការគ្នាឱ្យបានល្អក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា បើជំនាញ ឬអាជ្ញាធរក្រុងស្រុក មិនបានយកចិត្តទុកដាក់ពង្រឹងចំពោះការអនុវត្តច្បាប់បទដ្ឋានតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវទេ អាចនឹងកើតឡើងនូវហានិភ័យ។ ដូច្នេះចាប់ពីឆ្នាំ២០២១តទៅ ជំនាញពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ត្រូវតែបង្កើនស្មារតីចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ប្រកបដោយភាពម៉ឺងម៉ាត់តែទន់ភ្លន់។ ទន្ទឹមនិងនេះ មន្ទីររៀបចំដែនដី និងអង្គភាពពន្ធដារខេត្ត ក៏ត្រូវរៀបចំចងក្រងឯកសារដែលពាក់ព័ន្ធនឹងវិស័យជំនាញរបស់ខ្លួន ដោយធ្វើការផ្សព្វផ្សាយតាមរយៈអង្គសិក្ខាសាលា ជូនដល់អាជ្ញាធរ ក្រុង ស្រុក អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយ ដើម្បីរួមគ្នាអនុវត្តច្បាប់ស្តីពីសំណង់ និងកាតព្វកិច្ចបង់ពន្ធជូនរដ្ឋផងដែរ។

យោងតាមរបាយការណ៍លទ្ធផលការងារគ្រប់គ្រងសំណង់របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ឆ្នាំ២០២០កន្លងទៅ ធៀបនឹងឆ្នាំ២០១៩ វិស័យសំណង់នៅខេត្តកំពតមានសន្ទុះកើនឡើង។ ក្នុងនោះការងារគ្រប់គ្រងចេញលិខិតអនុញ្ញាតសាងសង់សរុបចំនួន ២៥៣គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ៩៦.៣០៩ម៉ែត្រការ៉េ គិតជាតម្លៃវិនិយោគប៉ាន់ស្មានស្មើនឹងជាង ៣៥លានដុល្លារ ក្នុងនោះចេញដោយក្រសួងមានចំនួន ១១គម្រោង រដ្ឋបាលខេត្តចំនួន ២៤គម្រោង និងរដ្ឋបាលក្រុងស្រុកចំនួន ១៥៣គម្រោង។ សំណង់គ្មានលិខិតអនុញ្ញាតមានចំនួន ៤៨គម្រោង ស្មើនឹងផ្ទៃក្រឡាសរុប ចំនួន ៥.៩៧៧ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានប្រមាណជិត ២១ម៉ឺនដុល្លារ៕