មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បញ្ជូនកម្លាំងបន្ថែម ដើម្បីទប់ស្កាត់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

0
48

ដោយសារពលករនៅតែបន្តលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកក្នុងប្រទេសកាន់តែច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជូនកម្លាំងបន្ថែមទៀត សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះពង្រាយតាមចំណុចគោលដៅសំខាន់ៗដែលកំណត់ទុក។
លោកបានមានប្រសាសន៍ថា ដោយការជឿតាមពាក្យឃោសនារបស់ពួកមេខ្យល់ថា នៅពេលពួកគេចូលទៅក្នុងប្រទេសវិញ នឹងត្រូវគេចាប់ដាក់គុក ដូច្នេះហើយ ទើបពលករទាំងនោះព្យាយាមលួចឆ្លងដែនគេចពីកម្លាំងសមត្ថកិច្ច និងគេចពីការធ្វើចត្តាឡីស័ក។
លោកបន្តថា បញ្ហាគេចវេសនេះ ធ្វើអោយសមត្ថកិច្ចឈឺក្បាល និងព្រួយបារម្ភជាខ្លាំង ព្រោះប្រសិនបើពួកគេគេចផុតពីសមត្ថកិច្ច ហើយមិនបានធ្វើចត្តាឡីស័ក នោះនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សហគមន៍ និងក្រុមគ្រួសារ ជាពិសេស អន្តរាយដល់សង្គមជាតិទាំងមូល។
លោកធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរទាំងអស់ចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា ដើម្បីភាពសុខសាន្តប្រជាជន និងប្រទេសជាតិរបស់យើង៕