ពលករខ្មែរចំនួន ៧នាក់រងរបួសពីការបាក់ស្រុតស្ពានអាកាសនៅប្រទេសថៃ

0
71

ថៃ ៖ មានឧបទ្ទវហេតុមួយបានកើតឡើង គឺជាករណីបាក់ស្រុតស្ពានអាកាសដែលកំពុងសាងសង់មួយនៅក្នុងប្រទេសថៃ ដែលបង្កឲ្យមានមនុស្សយ៉ាងតិច ៩នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរដោយក្នុងនោះមានមនុស្សចំនួន ៧នាក់គឺជាពលករខ្មែរផងដែរ។

ជាក់ស្តែង ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងតំបន់មួយដែលកំពុងតែធ្វើការស្ថាបនាក្នុងឃុំគោកស៊ូង ស្រុកមឿង ខេត្ត ណាខន រ៉ាតសីមា នាប្រទេសថៃ ដែលនោះគឺជាការស្ថាបនាស្ពានអាកាសដ៏វែងអន្លាយមួយលេខ ២៩០ បានសាងសង់ព័ន្ធជុំវិញខេត្តភាគខាងជើងចន្លោះគីឡូម៉ែត្រ ២១៧+៥០០ ផងដែរ។
ប្រភពច្បាស់ការមួយបានបញ្ជាក់ថា ការបាក់ស្រុតស្ពានអាកាសមួយនេះគឺខណៈពេលដែលកំពុងតែមានការចាក់បេតុងនៅខាងលើពុម្ភស្ពានដែលបានបណ្តាលឲ្យសង្កត់ និងប៉ះពាល់ទៅដល់កម្មករដែលកំពុងតែបម្រើការនៅទីនោះចំនួន ០៩នាក់ ដែលក្នុងនោះមានកម្មករខ្មែរចំនួន ០៧នាក់ កម្មករភូមា០១នាក់ និងកម្មករថៃចំនួន ០១នាក់។ កម្មករទាំងអស់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមហារ៉ាតណាខន រ៉ាតសីមាដើម្បីសង្គ្រោះ ដោយពុំមាននរណាម្នាក់បានបាត់បង់ជីវិតនោះទេ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សាក់ស្យាម ឈីតឆប បានលើកឡើងថា អ្នកដែលបានម៉ៅការ និងគ្រប់គ្រងលើការងារមួយនេះត្រូវតែទទួលខុសត្រូវ លើការព្យាបាល និងការទំនុកបម្រុងដល់កម្មករដែលរងគ្រោះទាំងនោះ ជាពិសេសគឺកម្មករដែលបានមកពីប្រទេសកម្ពុជា និងប្រទេសភូមាតែម្ដង។

រដ្ឋមន្រ្តីខាងលើក៏បានបញ្ជាក់បន្ថែមថា ត្រូវតែមានការបើកកិច្ចពិភាក្សាមួយជាបន្ទាន់ លើការបាក់ស្រុតស្ពានអាកាសមួយនេះដើម្បីឲ្យដឹងថា តើវាបណ្តាលមកពីអ្វី ឬក៏កត្តាអ្វីឲ្យពិតប្រាកដ ព្រោះថាការចំណាយទៅលើការស្ថាបនាស្ពានអាកាសមួយនេះត្រូវប្រើប្រាស់ថវិកាអស់ចំនួន ១.៤០០.៩៩៨.២៩៥បាតផងដែរ៕