ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប ៩ នាក់ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានឧបទ្ទវហេតុមួយបានកើតឡើងគឺករណីបាក់ ស្រុកស្ពានអាកាស ដែលកំពុងស្ថាបនា។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ក្នុងតំបន់ដែលកំពុងស្ថាបនាស្ថិតក្នុងឃុំគោកស៊ូងស្រុកមឿងខេត្តណាខន រ៉ាតសីមាប្រទេសថៃ ដែលស្ពានអាកាសដ៏វែងអន្លាយនេះលេខ ២៩០គឺបានស្ថាបនាព័ទ្ធជុំវិញខេត្ត ភាគខាងជើងចន្លោះគីឡូម៉ែត្រលេខ ២១៧+៥០០ ។
តាមប្រភពបានបញ្ជាក់ថា ការបាក់ស្រុតស្ពានអាកាសនេះ គឺស្របពេលដែលកំពុងចាក់បេតុងនៅខាងលើពុម្ពស្ពានដែលបណ្ដាលឱ្យសង្កត់ និងប៉ះពាល់ដល់កម្មករដែលកំពុងបម្រើការងារនៅទីនោះសរុបចំនួន ៩ នាក់ ក្នុងនោះមានកម្មករខ្មែរ៧នាក់កម្មករភូមា១នាក់ និងកម្មករថៃ១នាក់ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យមហារ៉ាតណាខន រ៉ាតសីមា ដើម្បីសង្គ្រោះ ដោយពុំមានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ ។លោក សាក់ស្យាម ឈីតឆប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកម៉ៅការ និងគ្រប់គ្រងការងារនេះត្រូវយកចិត្តទុកដាក់ឱ្យបានល្អប្រសើរលើការទទួលខុសត្រូវ ព្យាបាល និងឧបត្ថម្ភដល់កម្មករ ដែលរងរបួសពិសេសគឺកម្មករដែលមកពីប្រទេសកម្ពុជានិងភូមា។
លោកក៏បានសង្កត់ធ្ងន់ថា ត្រូវបើកកិច្ចពិភាក្សាជាបន្ទាន់ លើការបាក់ស្រុកស្ពានអាកាសនេះឱ្យដឹងថា តើបណ្តាលមកពីកត្តាអ្វី ព្រោះការចំណាយលើការស្ថាបនាស្ពានអាកាសដ៏វែងនេះ ត្រូវប្រើប្រាស់ថវិកាសរុបចំនួន ១.៤០០.៩៩៨.២៩៥ បាត ៕