សោកនាដកម្មដ៍រន្ធត់ ប្រធានក្លឹប និងកីឡាករប្រេស៊ីល​ជិះយន្ដហោះទៅប្រកួត ធ្លាក់ស្លាប់គ្មានសល់ម្នាក់

0
105

យន្ដហោះមួយគ្រឿង បានដឹកកីឡាករ និងប្រធានក្លឹប​បាល់ទាត់ Palmas ស្រាប់តែជួបនឹងគ្រោះអកុសល ធ្លាក់នៅក្នុងព្រៃ បណ្ដាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ កាលពីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ (វេលានៅក្នុងតំបន់) ស្ថិតនៅភាគខាងជើងរដ្ឋ Tocantins ​ប្រទេសប្រេស៊ីល។

បើតាមសារព័ត៌មាន The New York Times បានចេញផ្សាយ កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា មនុស្សនៅលើយន្ដហោះដែលជួបនឹងគ្រោះថ្នាក់នោះ រួមមាន ប្រធានក្លឹបបាល់ទាត់ប្រេស៊ីល ​Palmas ម្នាក់ កីឡាករចំនួន៤នាក់ និងអាកាសយានិកម្នាក់។ យន្ដហោះបានធ្លាក់ នៅភាគខាងជើង រដ្ឋ​ Tocantins ប្រទេសប្រេស៊ីល ដោយបានបណ្ដាលឲ្យមនុស្សទាំងនោះបានបាត់បង់ជីវិត។

ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះខាងលើបានដឹកក្រុមកីឡាករ និងប្រធានក្លឹប Palmas ទៅកាន់ទីក្រុង Goiania ស្ថិតក្នុងតំបន់ភាគកណ្ដាល នៃប្រទេសប្រេស៊ីល ដើម្បីប្រកួតជាមួយនឹងក្លឹប​ Vila Nova ។ ប៉ុន្ដែជាអកុសល យន្ដហោះបានជួបនឹងគ្រោះថ្នាក់ ធ្លាក់មកដល់ដីបណ្ដាលឲ្យផ្ទុះឆេះ និងសម្លាប់មនុស្សជាច្រើននាក់ នៅលើយន្ដហោះនោះ។​

បណ្ដាញផ្សព្វផ្សាយរបស់ប្រេស៊ីល បានផ្សាយថា ហេតុការណ៍ដ៏អាក្រក់នេះ បានកើឡើង ក្រោយយន្ដហោះបានហោះ​ចេញពីអាកាសយានដ្ឋាន​ Lusimanges បានតែបន្ដិច ក៏​ធ្លាក់ចូលក្នុងព្រៃ​ បណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង​៦នាក់ស្លាប់​។ ជនរងគ្រោះទាំងនោះ រួមមាន​អាកាសយានិកម្នាក់ ឈ្មោះ Wagner និងសមាជិកក្លឹប​បាលទាត់ Palmas ​មានដូចជា ប្រធានក្លឹប លោក Lucas Meira, អ្នកចាំទី កីឡាករ Ranule, ខ្សែការពារ​ពីរនាក់ គឺកីឡាករ Praxedes, Guilherme Noe និងខ្សែប្រយុទ្ធម្នាក់ គឺកីឡាករ Marcus Molinari ។

មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ក្រោយពេលធ្លាក់ យន្តហោះបានឆេះអស់ ហើយមនុស្សចំនួន៦នាក់ក៏បានស្លាប់អស់ ដោយមិនមានអ្នកណាម្នាក់ នៅរស់រានមានជីវិតនោះឡើយ។  ប្រធានក្លឹប លោក Lucas Meira បានជួលយន្តហោះ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Goinaia ដើម្បីចូលរួមការប្រកួតក្របខណ្ឌសេរី D ជួបជាមួយក្រុម Vila Nova នៅថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២១។

សូមជម្រាបថា​ កាលពីឆ្នាំ​២០១៦ វិស័យបាល់ទាត់នៅតំបន់អាមេរិកខាងត្បូង​មួយនេះ​ ធ្លាប់ឆ្លងកាត់ការឈឺចាប់ ដោយសារ​ការធ្លាក់យន្តហោះ ខណៈធ្វើដំណើរទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Sudamericana ​ជួបជាមួយក្លឹប Atlético Nacional ដោយបានសម្លាប់​មនុស្ស ចំនួន៧១នាក់ ក្នុងនោះមាន​កីឡាករ​ក្លិប Chapecoense របស់ប្រេស៊ីល។ គ្រោះថ្នាក់នាពេលនោះ បានក្លាយជាសោកនាដកម្មដ៏ធំបំផុត សម្រាប់វិស័យបាលទាត់ នៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ៕