ពលករខ្មែរ២នាក់ រត់ចេញពីមណ្ឌល ចត្តាឡីស័ក សមត្ថកិច្ចកំពុងស្វែងរកនាំមកវិញ

0
72

អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលត្រឡប់ពីប្រទេសថៃ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលវិទ្យាល័យមង្គលបូរី ឈ្មោះ ខា រិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី។

អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូរ ពៅ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃដែលត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកព្រះនេត្រព្រះ ឈ្មោះ ឡម ឡាយូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូនច្រែង ឃុំ.ស្រុកព្រះនេត្រព្រះ។

ចំពោះប្រជាពលរដ្ឋខ្មែរចំនួន២នាក់ ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលស្រុកមង្គលបូរី១នាក់ មណ្ឌលស្រុកព្រះនេត្រព្រះ១នាក់ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរកំពុងស្វែងរកនាំខ្លួនមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃវិញ។

លោកវិជ្ជេបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់ពីប្រទេសថៃនិងអាជ្ញាធរថៃចាប់បញ្ជូនមកវិញដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តបន្ទាយមានជ័យមានចំនួន១៧កន្លែង មានប្រជាពលរដ្ឋមកពីថៃធ្វើចត្តាឡីស័កចំនួន១០,៨៦៦នាក់ ស្រី៤,៨៥៨នាក់ និងធ្វើតេស្តសំណាក់មានចំនួន១០,៦៦៦នាក់ ស្រី៤,៧៧២នាក់ ហើយធ្វើចត្តាឡីស័កបញ្ចប់រយៈពេល១៤ថ្ងៃ ត្រឡប់ទៅផ្ទះវិញមានចំនួន៧,១៥១នាក់ ស្រី៣,១៧៣នាក់ នៅបន្តធ្វើចត្តាឡីស័កមានចំនួន៤,៥៥៨នាក់ ស្រី២,០០៩នាក់ វិជ្ជមានកូវីដ-១៩មានចំនួន២៦នាក់ ស្រី១៧នាក់ ៕