​ខ្មោច​នាវាចម្បាំងអាយុកាលជាង ៥០ឆ្នាំបន្សុលទុក្ខគ្រប់មិនទាន់ផ្ទុះជាង ៦តោន ក្នុងទន្លេមេគង្គត្រូវបានស្រង់ចេញ

0
71

គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​សរុប​ជាង​៦តោន​ រួមនឹង​សំភារៈ​មួយ​ចំនួន​ ត្រូវ​បានកងកម្លាំងបោសសម្អាត​ ស្រង់ចេញពី​ខ្មោច​នាវាច្បាំង​បន្សល់​ទុក​​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ឆ្នាំ​១៩៧០-១៩៧៥​ ដែល​គេ​រកឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​​នេះ នាថ្ងៃទី២៦ មករា ឆ្នាំ២០២១។

ប្រភពដដែលបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បាន​ឲ្យដឹង​ថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៦តោននេះ រួមមាន​ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់​៦០​មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះកម្លាំងជំនាញក៏បាន​រកឃើញ​វត្ថុតាង​រួមមាន​ មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន លន់ ណុល ផងដែរ​។

ជាមួយ​គ្នា​នោះ​ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ក៏​បានលើកឡើងអំពីបញ្ហា និងឧបសគ្គមួយចំនួន ដែលតម្រូវ​ឲ្យ​ក្រុមការងារជំនាញសិក្សាបន្ថែម ព្រោះមានគល់ឈើ គល់ឬស្សី ព្រមទាំងសំណល់ឧបករណ៍នេសាទចាស់ៗជាច្រើន​ បានដាច់ហើយមកតោងជាប់នឹងនាវា ដែលជាហេតុធ្វើ​ឲ្យ​មានការលំបាក​ ក្នុងការប្រមូលកាក់សំណល់សង្គ្រា​ម​ ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះចេញពី​ខ្មោច​នាវាចម្បាំងនោះ។
តែទោះជា​យ៉ាងណា​រហូត​មកដល់ពេលនេះ​ គឺកម្លាំងជំនាញបាន​និងកំពុងប្រតិបត្តិការ​លើការងារ​នេះ​យ៉ាងក្តៅគគុក​ ដោយបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមផ្ទៃទឹកជុំវិញទីតាំងនាវាលិចនេះ មានទំហំ១,០០០ម៉ែត្រ គុណ ១,៥០០ម៉ែត្រ នៅតាមបណ្តោយដងទន្លេ ប្រមាណជា១៥០ហិកតា​៕