បែកឆ្នាំបាយខ្ទេច! នាំជ្រូកចូលពីប្រទេសថៃមាន៧ក្រុមហ៊ុន តែបែរជាក្រុមហ៊ុនរបស់ឧកញ៉ាមួយ នាំចូលផ្តាច់មុខតែម្នាក់ឯង

0
40

គួរតែសមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា មានប្រតិកម្មចំពោះភាពមិនប្រក្រតី ក្នុងករណីមានការអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៧ មានសិទ្ធិនាំជ្រូកពីប្រទេសថៃចូលកម្ពុជា ប៉ុន្តែធាតុពិត មានតែក្រុមហ៊ុនមួយគត់នាំជ្រូកផ្ដាច់មុខពីប្រទេសថៃ តាមច្រកអូរស្មាច់ និងច្រកផ្សេងជាប់ព្រំដែនថៃ។ ដោយឡែកក្រុមហ៊ុន ៦ទៀត នៅស្ងៀមចាំទទួលកម្រៃប្រចាំខែទៅវិញ? បញ្ហាបែបនេះគេយល់ឃើញថា ក្រុមហ៊ុនដែលនាំផ្ដាច់មុខតែម្នាក់ឯង អាចនឹងមានឱកាសគ្រប់គ្រងទីផ្សារ សម្រាប់តម្លៃសាច់ជ្រូកឲ្យនៅស្ថិតស្ថេរ ឬមិនចុះថ្លៃ ក៏អាចថាបាន។ ចំពោះបញ្ហាទាំងនេះគួរណាស់តែ សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា សិក្សាជុំវិញករណីនេះ ខណៈបច្ចុប្បន្ន មានអ្នកចិញ្ចឹមជ្រូកច្រើននៅក្នុងប្រទេស ស្ទើរតែមិនចាំបាច់នាំចូលពីប្រទេសថៃ។ 

សូមជម្រាបជូនថា នៅ​កម្ពុជា​មាន​សមាគម​មួយ​ឈ្មោះ​ថា “សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា “។  មានចំងល់ផងដែរ ចង់​សួរ​ថា  តើ​ប្រធាន​សមាគម​ដឹង​ទេ​ថា មាន​ជ្រូក​ប៉ុន្មាន​ក្បាល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ? ចូល​តាម​ច្រក​ណាខ្លះ? មួយ​ថ្ងៃ​ប៉ុន្មាន​ក្បាល? តើ​មាន​ប៉ុន្មាន​ក្រុមហ៊ុន ដែល​មាន​អាជ្ញា​ប័ណ្ណ​នាំ​ចូល? សំណួរ​ដែល​គ្មាន​ចម្លើយ​នេះ ដោយសារ​តែ​អង្គភាពសារព័ត៌មានពុំ​អាច​ទាក់ទង​បាន​តាម​ទូរ​ស័ព្ទ ព្រោះតែ​គ្មានលេខទូរស័ព្ទ​តែម្តង។ ប៉ុន្តែ​តាម​រយៈ​ការ​ស្រាវជ្រាវ​ស្វែងរកពី​ប្រភព​ឈានដល់ជឿជាក់​មួយបានបង្ហើបនោះ ទំនង​ដូចជាមិន​ខុស​ច្រើន​ទេមើលទៅ ,?  បាន​ទម្លាយ​ឱ្យ​ដឹងស្ទើរតែច្បាស់ស្មើ(បើកគ្របអាប៉ោងចាក់)ថា  សព្វ​ថ្ងៃនេះ មាន​ក្រុមហ៊ុន​ចំនួន​៧​ដែល​មាន​អាជ្ញាប័ណ្ណ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ​មក​ចែកចាយ​នៅ​កម្ពុជា ។ អាជ្ញាប័ណ្ណ​មួយ​ៗ​ចំណាយ​អស់​ច្រើន​ណាស់ ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ដែល​យើង​នឹងផ្សាយ​ជូន​ពេល​ក្រោយ​ទៀត ដើម្បី​កុំឱ្យ​គេ​ប្រកែក​ពី​ម្ចាស់​អាជ្ញាប័ណ្ណ​ម្នាក់​ដែល​មានចិត្ត​ក្លាហាន​និយាយ ឬក៏ខាងក្រសួងអាចយកជាកម្មវត្ថុស្រាវបន្តតាមជំនាញចុះ។ 

ប្រភព​ដែលជឿជាក់​ដដែល​ទម្លាយ​ថា  ពិតមែន​ក្រុមហ៊ុន​៧ ដែល​មាន​អាជ្ញាប័ណ្ណ ប៉ុន្តែ​មាន​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ គឺមានឈ្មោះ លោក​ សៀ​ក ឡេ​ង ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា ជា​អ្នក «​បោះ​មេ​» បាន​ប្រមូល​ក្រុមហ៊ុន​ទាំង​៧​នេះ ចូល​មក​មូល​ដូច​បាល់​ស្ថិត​ក្រោម​រូបភាព​ក្រុមហ៊ុន​មួយ​ផ្តាច់មុខ​ឈ្មោះ​លឹ​ម ស៊ីវ​មី ដែល​មាន​ឧកញ៉ា លឹ​ម សុផល ជា​ប្រធាន​អ្នកគ្រប់គ្រង ។ ៦​ក្រុមហ៊ុន ត្រូវ​នៅ​ស្ងៀម​ទុក​ឱ្យ​ក្រុមហ៊ុន​លឹ​ម ស៊ីវ​មី ដែល​មាន​លោក​លឹ​ម សុផល ជា​អ្នក​ចាត់ចែង​នាំ​ចូល​ផ្តាច់មុខ​។ចំណែក​អ្នក​បោះ​មេ ឱ្យ​មាន​លំនឹង​នោះ គឺ​មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​ក្រសួង​គឺ​ លោក​ សៀ​ក ឡេ​ង មានសមត្ថភាពធ្វើកិច្ចការនេះ អោយក្លាយជាអំពើមិនប្រក្រតីលក្ខណៈជាប្រព័ន្ធបាន។ 

បើខាងលើជាតម្រុយដ៏ពិតប្រាកដ ពិតជា​មិនធម្មតា និង​គ្មាន​ហ៊ាន​ប្រកែក​ ព្រោះ​មួយ​ក្រុមហ៊ុន​ៗ តាម​ក្រុមហ៊ុន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា បាន​ទទួល​ដូច​ៗ​គ្នា​៦​ម៉ឺន​ដុល្លារ​មួយ​ខែ ដោយ​មិនបាច់​រកស៊ី ចាំតែ​ទទួលផល​ទៅ​ ហើយ​នៅ​ឱ្យ​ស្ងៀម ព្រោះ​បាន​ផ្ទេរសិទ្ធិ​ហើយ ។ ចំណុចនេះ តើជានីតិវិធីស្របច្បាប់ ឬក៏ជាការកាច់កុងគ្នា បង្កើតរឿងអោយលោករដ្ឋមន្ត្រីឈឺក្បាល ខណះលោករដ្ឋមន្រ្តីក្រសួងកសិកម្ម បាននឹងកំពុងលើកទឹកចិត្តអ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះ ! 

ក្រុមហ៊ុន​មួយ​ដែល​មិន​សប្បាយចិត្ត​នូវ​ការ​ចាប់​មូល​ចូល​គ្នា​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​លួចបង្ហើបថា  ក្រុមហ៊ុន​មួយ​មាន​សិទ្ធិ​នាំ​ចូល​ជ្រូក​ប្រចាំ​ថ្ងៃ​៩៦០​ក្បាល ។ ដូច្នេះ ៧​ក្រុមហ៊ុន​អាច​នាំ​ជ្រូក​ចូល​ជា​មធ្យម​ជាង​៦.០០០​ក្បាល ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ក្នុង​មួយ​រថយន្ត​ផ្ទុក​ជ្រូក​បាន​៣០០​ក្បាល ជា​មធ្យម ។

កើតឡើងជាចំងល់ទៀតថា តើ​មូលហេតុ​អ្វី​ចាំបាច់​ចាប់​ទាំង​៧​ក្រុមហ៊ុន​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​តែ​មួយ​ក្រុម​ហ៊ុន?​ មាន​ចម្លើយ​ខ្លះលើកឡើងថា ,គឺដើម្បី​រក្សា​តម្លៃ ដែល​ស្រេច​តែ​គេ​ដាក់ ។ កុំឱ្យ​មានការ​ប្រកួត​ប្រជែង​​តម្លៃ ថេរជានិច្ច និងមិនចុះថ្លៃ។ ម្ល៉ោះហើយ​សាច់​ជ្រូក​ឡើងថ្លៃ​មិន​ដែល​ចុះ​ស្រក​ទេ នេះ​ជា​ល្បែង​ឃុប​ឃិត​ផ្តាច់មុខ។ ចំណែក​មេ​ពេទ្យសត្វ​ធំ លោក​តាន់ ផា​ន់​ណា​រ៉ា ត្រូវ​បាន​គេ​ទម្លាយ​ស្តី​ពី​ការ​ឃុបឃិត​គ្នា​ធំ​ណាស់ ជាមួយ​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល។ 

ពាក់ព័ន្ធករណីនេះ លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានបសុពេទ្យ បានប្រាប់អង្គភាព”នគរវត្ដ”តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ យ៉ាងដូច្នេះថា “ខ្ញុំសុំសួរវិញថា តាំងលោកដឹងមកពីណា ,! ថាមាននាំផ្តាច់មុខអញ្ចឹង ? លោកមិនបានដឹងអ្វីពីខាងក្រសួងកំពុងតែធ្វើការទេ ” លោកប្រតិភូបន្តថា “មិនមែនមានតែមួយក្រុមហ៊ុនទេ ហើយក៏មិនមានផ្តាច់មុខដែរ ,…អ្វីដែលយើងកំពុងធ្វើគឺ ក្រុមហ៊ុនណាក៏ដោយ នៅក្នុងប្រទេសយើង ឲ្យតែមានចត្តាឡីស័ក នៅតាមព្រំដែន នៅប្រទេសថៃ និងនៅប្រទេសខ្មែរយើង ក្រុមហ៊ុនទាំងអស់ដំណើរការទាំងអស់ តែសំខាន់ក្រុមហ៊ុនទាំងអស់ហ្នឹង ត្រូវទិញពីក្រុមហ៊ុននៅប្រទេសថៃ ដែលមានចត្តាឡីស័ក នៅព្រំដែន ដើម្បីយើងត្រួតពិនិត្យជំងឺ”។ 

ក្នុង​ហេតុការណ៍​ដូច​គ្នា​នេះ​ដែរ នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​ជា​ច្រក​តែ​មួយ​សម្រាប់​ក្រុមហ៊ុន​លឹ​ម សុផល នាំ​ជ្រូក​ចូល​នោះ មន្ត្រី​ច្រក​ទ្វារ​ម្នាក់​លួចប្រាប់​ថា ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃជា​មធ្យម​ឡាន​យក្ស​របស់​ថៃ​ដឹក​ចូល​មក​សាង​ដាក់​តាម​ស្តង់​ច្រើន​កន្លែង ដើម្បី​ឡាន​ខ្មែរ​ដឹក​បន្ត ។ មេការ​២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ​កែវ ឋានៈ និង​ភរិយា​ឈ្មោះ​ចែ ធំ ជា​អ្នក​រត់ការ បើកផ្លូវ​មិន​ដែល​ទើស​ទីណា​មួយ​ទេ ។

ឡាន​យក្ស​មួយ​គ្រឿង​ៗ​ផ្ទុក​ជា​មធ្យម​ជ្រូក​៣០០​ក្បាល ។ មេការ​ឈ្មោះ​កែវ ឋានៈ និង​ប្រពន្ធ​ចែ​ធំ តំណាង​ឱ្យឈ្មោះ​ហេង មេក្រុម​ហ៊ុន​ដា​នី​ដេ​ង​អ៊ឹម​ផត​អិ​ច​ផត ដែល​មាន​ឧកញ៉ា​លឹ​ម សុផល ជា​មេក្រុម​ហ៊ុន​ផ្តាច់មុខ​នៅ​ពីលើ ។

ទោះបីជាមានការលើកឡើងខាងលើ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានប្រាប់អង្គភាព “នគរវត្ដ”តាមទូរស័ព្ទយ៉ាងដូច្នេះថា” ថ្វីបានដឹង ! ..ឥឡូវនេះយើងបានបើកឱ្យក្រុមហ៊ុនទាំង១០  ពីថៃនាំចូលមក, ..ក្រុមហ្នឹងចេះតែឃោសនា, ឥឡូវកំពុងរៀបចំពាក្យបណ្ដឹងហើយ , ខាងអគ្គនាយកដ្ឋានសុខភាពសត្វ គេជជែកជាមួយនឹងថៃ ថាឲ្យក្រុមហ៊ុនទាំង១០ គេឯកភាពគ្នា, នៅថៃ នាំជ្រូកមានកន្លែងធ្វើចត្តាឡីស័កពីរកន្លែង ។

ទី១-នៅកន្លែងជាប់ព្រំប្រទល់យើង, ហើយក្នុងករណីនេះ ឲ្យក្រុមហ៊ុនក្នុងស្រុកទាក់ទងក្រុមហ៊ុន១០ហ្នឹង ដើម្បីធានានូវសុវត្ថិភាពជំងឺ កុំឲ្យរាលដាលដល់កម្ពុជា”។

លោករដ្ឋមន្ត្រីបានបន្តថា, ” ប៉ុន្តែគេចេះតែច្រណែនឈ្នានីសគ្នា ឥឡូវផែនការរបស់យើង ចង់ឲ្យបិទនាំចូល ព្រោះបរិមាណនាំចូលមានចំនួនតិច ដែលយើងនៅសល់ត្រឹមមួយពាន់ក្បាល យើងអនុញ្ញាតឲ្យនាំចូល ៦០០០ ក្បាល ក្រោយពីយើងរៀបចំឲ្យមានការពិនិត្យធានាមក ឃើញថាកសិដ្ឋានដែលបង្កើតក្នុងស្រុកកើនឡើងរាប់រយ , ដូច្នេះយើងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ គឺឲ្យបង្កើនការចិញ្ចឹមក្នុងស្រុក ។ ប៉ុន្តែមហិច្ចតាពួកវាធ្លាប់រកស៊ីនាំចូល រកស៊ីមានបានថ្កុំថ្កើង ,..គេចង់បានតែរឿងនាំចូលហ្នឹង”។ 

សូមបញ្ជាក់ថា, ក្នុងករណីដែលសួរថា, មានគេលើកឡើងថា, មានក្រុមហ៊ុនចំនួន៧ ដែលមានច្បាប់អនុញ្ញាតឱ្យនាំចូល តែទីបំផុតមានតែក្រុមហ៊ុនរបស់លោកឧកញ៉ា លឹម សុផល មួយគត់ នាំចូលផ្ដាច់មុខ ហើយអាចគ្រប់គ្រងតម្លៃលើទីផ្សារ មិនឱ្យចុះថ្លៃនោះ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបកស្រាយប្រាប់អង្គភាព “នគរដ្រេហ្គន បន្តថា, បញ្ហានេះគេចោទទាំងកូនប្រសារខ្ញុំ ធ្វើយ៉ាងណាឱ្យខ្ញុំខឹង ច្រឡោត រឿងបញ្ហាហ្នឹង..តែធាតុពិតពីច្រកនាំចូលពីថៃមក ដើម្បីពិនិត្យសុខភាព”! 

លោករដ្ឋមន្ត្រីលើកឡើងថា, ឱ្យខាងអគ្គនាយកដ្ឋានសុខភាពសត្វ ប្ដឹងរឿងករណីចុះផ្សាយលើកាសែតប៉ុន្មានថ្ងៃមុននេះ ដើម្បីរកភ័ស្តុតាង ឲ្យស្រួលបួល ព្រោះយើងកំពុងរឹតបន្តឹង រឿងសត្តឃាត រឿងសត្វឆ្លង យើងធ្វើការត្បិតត្បៀតឲ្យតូចបំផុត ដើម្បីឈានដល់ការកាត់ផ្ដាច់នៃការនាំចូល …។ ឥឡូវយើងជោគជ័យលើកសិដ្ឋានចិញ្ចឹមជ្រូក គាត់សប្បាយចិត្ត ក្នុង ១ថ្ងៃមានដល់ ២ពាន់ក្បាលឯណោះលក់ក្នុងស្រុក ប៉ុន្តែពួកអាមហិច្ចតាអស់ហ្នឹង ធ្លាប់រកស៊ីមានបាន ដល់យើងរឹតបន្តឹងបាត់ប្រយោជន៍  ក៏គេបង្កើតល្បិចដើម្បីឲ្យរដ្ឋមន្ត្រីខឹង ។ លោករដ្ឋមន្ត្រីបន្តថា យើងធ្វើការច្បាស់លាស់ មិនមែនដូចអ្វីដែលគេបានលើកឡើងនោះឡើយ៕