សមត្ថកិច្ចឃាត់ខ្លូនសង្ស័យពីនាក់ក្រោយធ្វើសកម្មភាពលួចយកលុយចំណងដៃមង្គលការ

0
13

ខេត្តកំពត ៖ បុរស​ជាប់ចោទ​២​នាក់​ត្រូវ​បាន​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត ឃាត់ខ្លួន​តាម​អំណាច​ដីកា​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆាំ្ន​២០២១ ដោយ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ចំណងដៃ​មង្គលការ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពត​ បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ​ឆ្នាំ​២០២១​នេះ​​ថា ជន​សង្ស័យ​​ទាំង​​២​​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ គឺ​​ម្នាក់​ឈ្មោះ នូវ ឌៀប អាយុ​៤២​ឆាំ្ន និង​ម្នាក់​ទៀត​ឈ្មោះ ច្រេ សា​រឿ​ន អាយុ​៤១​ឆាំ្ន ។ ពួក​គេ​ទាំង​​២​នាក់​​រស់នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។

លោក​វរសេនីយ៍ទោ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​​នាក់​ខាងលើ​​នេះ​ ក៏​មាន​ការ​​សហការ​គ្នា​ជាមួយ​នគរបាល​ខេត្ត​កែប​ដែរ ដោយសារ​តែ​ជនសង្ស័យ​រូប​នេះ​​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ជាប់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។លោក​វរសេនីយ៍​បន្ត​ថា ជន​សង្ស័យ​​ទាំងនេះ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លុយ​ចំណងដៃ​ក្នុង​​ពិធី​មង្គលការ​ជា​ច្រើន​កន្លែង ហើយ​​ទីកន្លែង​ចុង​ក្រោយ​ គឺ​បាន​​​លួច​លុយ​ចំណងដៃ និង​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

លោក​វរសេនីយ៍ទោ មិន​បាន​បង្ហាញ​ពី​ចំនួន​នៃ​ការ​បាត់​បង់លុយ ដែល​ជា​ប្រាក់​ចំណងដៃ​នោះ​​មាន​ចំនួន​ប៉ុន្មាន​នោះ​​ទេ? ប៉ុន្តែ​លោក​និយាយ​ប្រាប់​ថា មុខសញ្ញា​​នេះ​បាន​ដើរ​លួច​លុយ​​ចំណងដៃ​​ក្នុង​ពិធី​មង្គលការ​​គេ​ជា​ច្រើន​ដង​​មកហើយ ដូច​ជា​នៅ​ស្រុក​អង្គរ​ជ័យ ក្នុង​ខេត្តកំពត​នេះ​ជាដើម ។
ហើយ​ល្បិច​លួច​លុយ​​ចំណងដៃ ត្រូវ​បាន​ជន​រូប​​នេះ​សារភាព​ថា នៅ​ក្នុង​ពិធី​​មង្គលការ​នីមួយ​ៗ​ពួក​គេ​​តែង​តែ​​ទៅ​ចូលរួម និង​​បាន​តុបតែង​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​ខាង​​កូនប្រុស ​ឬ​ខាង​​កូនស្រី ​ពេល​នោះ​​​ម្ចាស់​ដើមការ​ទាំង​សងខាង​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ភ្ញៀវ​ខាង​ណា​នោះ​ទេ ។ លុះ​ពេ​ល​ម្ចាស់​​ដើម​ការ​ដេក​លង់​​លក់​អស់​ ពួក​គេ​មានឱកាស​ល្អ ក៏​​ធ្វើ​សកម្មភាព​លួច​ប្រមូល​​​យក​លុយ​ចំណង​ដៃ​នេះ​​តែ​ម្ដង ។

គួរ​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​​នាក់​ខាងលើ​​​ត្រូវ​បាន​នគរបាល​នាំ​មក​កន្លែង​អ្នកលក់​ទូរស័ព្ទ​នៅ​​ក្នុង​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ដែល​ជា​កន្លែង​អ្នក​ជួសជុល​ទិញ ​និង​លក់​ទូរស័ព្ទ​ដៃ​នោះ​​ដែល​ជនសង្ស័យ​ធ្លាប់​យក​ទូរស័ព្ទ​មក​លក់ តែ​ជនសង្ស័យ​បាន​ឆ្លើយ​មិន​ប្រាកដប្រជា ហើយ​នគរ​បាល​ក៏​កំពុង​ប្រមូល​បាន​​វត្ថុ​តាង​បន្ថែម​នៅ​កន្លែង​ទៀត​ផ្សេង​ផង​ដែរ ៕