សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

0
312

(វ៉ាស៊ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអាសន្នពាក់ព័ន្ធនឹងអំពើភេរវកម្មនៅទូទាំងប្រទេស ដោយលើកឡើងពីការគំរាមកំហែងដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមប្រឆាំង​នឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១។

ការប្រកាសអាសន្ននេះគឺជាការដាស់តឿនថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារ ទៅលើមន្រ្តីជាប់ឆ្នោត និងអគាររដ្ឋាភិបាលបានគ្រប់ពេល ដូចទៅនឹងការវាយប្រហារ ដែលបានកើតឡើងកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ ទៅលើវិមានសភាដោយក្រុមអ្នកគាំទ្រ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ការប្រកាសអាសន្នខាងលើនេះបានកើតឡើង ខណៈអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ និងក្រុមអ្នកដើរតាមកងជីវពលស្តាំនិយម ដែលមានកាន់កាប់គ្រាប់បែកចំនួន ០៥គ្រាប់នោះថា មានបំណងវាយប្រហារក្រុមអ្នកប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មថ្នាក់ជាតិ ការគំរាមកំហែង និងការវាយប្រហារអាចបន្តកើតមាន ជាច្រើនសប្តាហ៍ទៅមុខទៀត បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ និងកំឡុងពេលដែលលោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការចោទប្រកាន់នៅក្នុងព្រឹទ្ធសភា ពីបទញុះញង់ឲ្យមានការវាយវាយប្រហារដ៏ហិង្សា ទៅលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១៕

WASHINGTON, DC – JANUARY 06: Pro-Trump protesters gather in front of the U.S. Capitol Building on January 6, 2021 in Washington, DC. A pro-Trump mob stormed the Capitol, breaking windows and clashing with police officers. Trump supporters gathered in the nation’s capital today to protest the ratification of President-elect Joe Biden’s Electoral College victory over President Trump in the 2020 election. (Photo by Jon Cherry/Getty Images)