លោកវរសេនីយ៍ត្រី ប៉ែន សុវាសនា ប្រធានផ្នែកចរាចរណ៍នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក CIVICពណ៌សរ ពាក់ស្លាកលេខភ្នំពេញ២BC០២ ៧៩ បើកបរដោយឈ្មោះ ចូយ ណង ភេទស្រី អាយុ២០ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើង។ លុះមកដល់ចំណុចមុខក្រុមហ៊ុន មែកសឺដែស បានរេចង្កូតមកឆ្វេងដៃបុកកង់ក្រោយរថយន្តដឹកឥដ្ឋ ដែលធ្វើដំណើរទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរថយន្តដឹកឥដ្ឋដាច់សាក់ស៊ីកង់ក្រោយ ខ្ទាតចេញពីតួរថយន្ត ប៉ុន្តែសំណាងល្អពុំមានអ្នកគ្រោះថ្នាក់ឡើយ។
លោកបានបន្តថា តាមការសាកសួរពីនារីដែលបើកបររថយន្តសេរីទំនើបបង្កហេតុនោះគឺដោយសារតែនាងងងឹតមុខ។ចំណែករថយន្តដឹកឥដ្ឋដែលរងការខូចខាតនោះ អ្នកបើកបរឈ្មោះ ហន ហុន ភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅភូមិក្រាំងចិន ឃុំក្រាំងក្រយង ស្រុកពាមជរ ខេត្តព្រៃវែង។ រថយន្តដឹកឥដ្ឋដែលរងការខូចខាតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ៣C ៤៩ ៩៥។តាមការបញ្ជាក់ពីនគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះគឺភាគីក្មេងស្រីជាសិស្សសាលាដែលបើកបររថយន្តសេរីទំនើបនេះបានចេញមុខជួសជុលរថយន្តដឹកឥដ្ឋទាំងស្រុងដើម្បីបញ្ចប់រឿង៕