ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យស្រាវជ្រាវចំណេះដឹងថ្មីៗ

0
75

ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល បានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ ឱ្យស្រាវជ្រាវចំណេះដឹងថ្មីៗ ដើម្បីយកទៅចែករំលែកបន្តដល់សិស្សានុសិស្ស ឱ្យដើរទាន់បរិបទថ្មីដែលកំពុងវិវឌ្ឍន៍ ។
ក្នុងពិធីសំណេះសំណាលជាមួយ នាយក នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូ ទាំងអស់នៅវិទ្យាល័យទាំង៤ ក្នុងស្រុកខ្សាច់កណ្តាលកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល បានស្នើសុំលោកគ្រូ អ្នកគ្រូ បន្តការអានសៀវភៅ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ពីព្រោះការអាន និងការស្រាវជ្រាវនេះ ធ្វើឱ្យ យើងទទួលបានចំណេះដឹងថ្មីៗនិងដើរទាន់ការវិវត្តន៍របស់ពិភពលោក។ ឯកឧត្តមបានបន្ថែមទៀតថា លោកគ្រូ អ្នកគ្រូត្រូវជួយបណ្តុះបណ្តាលសិស្ស ទាំងជំនាញទន់ និង ជំនាញរឹង ជួយបណ្តុះស្មារតីឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបថ ឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ខ្ពស់ ជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់ការ និង ឯករាជ្យ ក្នុងសិក្សាស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន ជាពិសេសស្នើសុំឱ្យសាលា មានរៀបចំ បណ្ណាល័យឱ្យបានស្អាតនិងដាក់សៀវភៅអានឱ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់សិស្សឱ្យមាន សមត្ថភាពក្នុងការស្រាវជ្រាវបន្ថែម។

ឯកឧត្តម កៅ ថាចបានបញ្ជាក់ថា កាលពីឆ្នាំសិក្សា២០២០ ក្នុងបរិបទកូវីដ-១៩ ប្រព័ន្ធអប់រំត្រូវបាន កែប្រែយ៉ាងខ្លាំង ដោយសិស្សត្រូវប្តូរពីការរៀនក្នុងសាលា ទៅរៀនតាមប្រព័ន្ធអនឡាញវិញ ដែលកាលនោះ ជាបរិបទថ្មីដែលលោកគ្រូ អ្នកគ្រូ ត្រូវតាមឱ្យទាន់ និងមានភាពបត់បែនខ្ពស់ ចំពោះការវិវត្តន៍នេះ។ ម្យ៉ាងទៀត ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាបែបឌីជីថល និង ការធ្វើ ទំនើបកម្មប្រពន្ធអប់រំ បានធ្វើឱ្យក្មេងៗនិងយុវជន យុវនារីបច្ចុប្បន្ន មានភាពឈ្លាវវៃនិងពូកែ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា (IT) ដែលទាមទារឱ្យលោកគ្រូ អ្នកគ្រូខិតខំស្រាវជ្រាវបន្ថែម ដើម្បីដើរឱ្យទាន់សម័យកាលថ្មី ៕