អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ការសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅអោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម នឹងមិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនង រវាងអ៊ីស្រាអែលជាមួយអេមីរ៉ាត់អារ៉ាប់រួមឡើយ ។
ការកត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ បានកើតមានឡើងបន្ទាប់ពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្អាកកញ្ចប់នៃការលក់យន្តហោះ F-35 ទៅអោយអេមីរ៉ាត់អារ៉ាប់រួម និងអាវុធទៅអោយអារ៉ាប៊ីសាអូឌីតជាបណ្តោះអាសន្ន ដើម្បីមានឱកាសពិនិត្យសើរើឡើងវិញនូវកញ្ចប់ទាំងនោះ ។
សូមរំលឹកផងដែរថា កន្លងមក កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើប F-35 ត្រូវទទួលបាននូវការអនុម័តយល់ព្រមពីអតីតរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានព្រមព្រៀងកាលពីឆ្នាំមុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញជាមួយអ៊ីស្រាអែល ៕