ប្រទេសចិនសង្ឃឹមថាគ្រប់ភាគីនៅមីយ៉ាន់ម៉ា អាចដោះស្រាយការខ្វែងគំនិតគ្នា ស្ថិតក្រោមរដ្ឋធម្មនុញ្ញ និងការរក្សាឲ្យបាននូវស្ថិរភាព

0
69

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួនបានដឹងលឺអំពីការធ្វើរដ្ឋប្រហារយោធា ដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃចន្ទនេះ ហើយសង្ឃឹមថា ភាគីទាំងអស់អាចដោះស្រាយការខ្វែងគំនិតគ្នានានា នៅក្រោមរដ្ឋធម្មនុញ្ញ និងរក្សាឲ្យបាននូវស្ថិរភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងយ៉ាងដូច្នេះថា «ខាងយើងបានកត់សម្គាល់ឃើញនូវអ្វី ដែលបាននិងកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ហើយកំពុងតែស្វែងយល់ស្ថានការណ៍បន្ថែមទៀត។ ចិនគឺជាអ្នកជិតខាងល្អមួយរបស់មីយ៉ាន់ម៉ា ហើយយើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា នឹងអាចដោះស្រាយការខ្វែងគំនិតគ្នាទាំងឡាយ នៅក្រោមរដ្ឋធម្មនុញ្ញ ក៏ដូចជាក្របខណ្ឌច្បាប់នៃប្រទេសខ្លួន ហើយរក្សាការពារឲ្យបាននូវស្ថិរភាពនយោបាយ និងសង្គម»

កាលពីខែមុនប្រមុខការទូតចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) អំឡុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ឥឡូវអំណាចគ្រប់គ្រងមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅឲ្យលោក មីន អោង ហ្លេង ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ ក្រោយការចាប់ឃុំខ្លួនមេដឹកនាំស៉ីវិលរបស់មីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី និងប្រធានាធិបតីលោក យូ វីនម្យីនត៍ (U Win Myint) នៅថ្ងៃចន្ទនេះ ។

ក្រុមអ្នកសារព័ត៌មានក៏បានចោទសួរដែរថា តើមីយ៉ាន់ម៉ាបានឲ្យតំរុយពីលទ្ធភាពនៃការផ្ទុះឡើងនូវ រដ្ឋប្រហារយោធាដែរឬយ៉ាងណា អំឡុងដំណើរទស្សនកិច្ចរបស់លោក Wang Yi និងថាតើចិននឹងថ្កោលទោសការធ្វើរដ្ឋប្រហារយោធា ដែលបានកើតមាននៅមីយ៉ាន់ម៉ាដែរឬក៏អត់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនមិនបានឆ្លើយតបឡើយ ដោយគ្រាន់តែលើកឡើងសេចក្តីថ្លែងការណ៍ ខាងលើនេះឡើងវិញប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានគាំទ្រមីយ៉ាន់ម៉ា កាលពីសម័យដែលប្រទេសនេះស្ថិតក្រោមរបបយោធា ប៉ុន្តែចិនក៏តែបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដដែល នៅក្រោយពេលលោកស្រី អោង សាន ស៊ូជី ក្លាយជាមេដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា ៕