បន្ទាប់ចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី​ រួចហើយក៏មានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ បានធ្វើអោយពលរដ្ឋមីយ៉ាន់ម៉ាចលាចលយ៉ាងខ្លាំង

0
108

បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី​ និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកនេះ ព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដូចជាមានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ វាបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងនៅតាមម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារនានានៅក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមមនុស្សបានតម្រង់ជួរគ្នាសម្រុកចាំដកលុយនៅគ្រប់ទូម៉ាស៊ីន ATM ទាំងនោះ។ ធនាគារភាគច្រើនត្រូវបានបិទ សេវាទូរស័ព្ទត្រូវបានផ្ដាច់ ហើយអ៊ីនធឺណេតនៅទូទាំងប្រទេសត្រូវបានបិទភ្លាមៗ។
ទន្ទឹមនឹងនេះ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទៅផ្សារ និងឈរចាំនៅតាមហាងទំនិញ ដើម្បីទិញអង្ករ និងប្រេងឆា ក៏ដូចជាថ្នាំពេទ្យផងដែរ ដោយភាគច្រើនត្រូវបានលក់អស់ ហើយក៏ចាប់ផ្ដើមបិទទ្វារមុនកាលកំណត់ផងដែរ។ ខណៈពេលដែលតម្លៃនៅតែមានស្ថេរភាពសម្រាប់ពេលបច្ចុប្បន្ននេះ ពាណិជ្ជករនិយាយថា ពួកគេរំពឹងថា ការផ្គត់ផ្គង់នឹងខ្វះខាត និងការប្រែប្រួលតម្លៃនៅថ្ងៃខាងមុខ។ ជាមួយនឹងសេវាកម្មអ៊ីនធឺណេតឥឡូវនេះមិនអាចដំណើរការបាន ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Grab និង Foodpanda ដែលបានទ្រទ្រង់សេដ្ឋកិច្ចក្នុងកំឡុង COVID-19 ឥឡូវក៏មិនអាចដំណើរការបានដែរ៕