កំពង់ផែកោះទន្សាយ សម្រេចបាន៥៥ភាគរយ គ្រោងបញ្ចប់ជាស្ថាពរ នៅចុងខែសីហា ឆ្នាំ២០២១

0
55

​(ភ្នំពេញ)៖ កំពង់ផែកោះទន្សាយ ស្ថិតក្នុងខេត្តកែប កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយពន្យាពេលមួយរយៈនៅចុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងបញ្ហាបច្ចេកទេស។ តាមការគ្រោងទុកកំពង់ផែទេសចរណ៍មួយនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្នសម្រេចបាន៥៥ភាគរយ។

នេះបើតាមការបញ្ជាក់របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «វឌ្ឍន៍ភាពមូលដ្ឋានឃុំ សង្កាត់ របស់ខេត្តកែប»។

លោក ម៉ម ទូច បានថ្លែងយ៉ាងដូច្នេះថា «កំពង់ផែកោះទន្សាយដែលបានកសាងនេះ ចាប់ផ្ដើមនៅឆ្នាំ២០២០ ហើយបានពន្យាពេល (នៅចុងឆ្នាំ២០២០) រហូតមកដល់បច្ចុប្បន្ននេះ ដោយសារកត្តាពីរ ទី១៖ដោយសារកូវីដ និងទី២៖ដោយសារលក្ខណៈបច្ចេកទេស តែទោះជាយ៉ាងណា ផែននេះនឹងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១នេះ»។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបរូបនេះ បានបន្ដទៀតថា កំពង់ផែកោះទន្សាយនេះ បានសាងសង់ឡើងមានផ្ទៃទំហំ ៣,៤៧០ម៉ែត្រការ៉េ ជម្រៅទឹក៤.៧ម៉ែត្រ ដែលអនុញ្ញាតឲ្យតែនាវាដឹកអ្នកដំណើរប្រភេទលេខ១ និងប្រភេទលេខ២ ប៉ុណ្ណោះដែលអាចចូលចតបាន ហើយនាវាធំជាងនេះមិនអាចចូលបាននោះឡើយ។

បើតាមលោក ម៉ម ទូច នាវាប្រភេទលេខ១ អាចចេញពីឆ្នេរបានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ផ្ទុកអ្នកដំណើរចាប់ពី៣០នាក់ ទៅ១០០នាក់ ខណៈនាវាប្រភេទលេខ២ អាចធ្វើដំណើរចេញពីឆ្នេរបានចម្ងាយពី ១៦១ ទៅ១៩៣គីឡូម៉ែត្រ អាចផ្ទុកអ្នកដំណើរពី១០០នាក់ ទៅ៣០០នាក់។

គួរជម្រាបថា មន្ដ្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា កំពង់ផែកោះទន្សាយនេះ បម្រើឲ្យតែវិស័យទេសចរណ៍ប៉ុណ្ណោះ ដោយឡែកការដឹកជញ្ជូនទំនិញផ្សេងៗ មិនអាចប្រើប្រាស់បាននោះទេ ព្រោះកំពង់ផែនេះ មានទម្ងន់ផ្ទុកមិនអាចលើសទី១៥តោនបានឡើយ។ កំពង់ផែនេះ បានកំពុងសាងសង់នៅលើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ ប្រើប្រាស់ថវិការសាងសង់សរុបជិត៥ពាន់លានរៀល៕