គ្រូពេទ្យមីយ៉ាន់ម៉ាព្រមានឈប់ព្យាបាលអ្នកជំងឺ ក្រោយខឹងកងយោធាគ្រប់គ្រងអំណាច

0
100

ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ានៅក្នុងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទម្សិលមិញនេះថា ពួកគេនឹងបញ្ឈប់ការព្យាបាលអ្នកជំងឺ ប្រសិនបើយោធានៅតែគ្រប់គ្រងអំណាច។
ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលយ៉ាងតិចចំនួន ២០ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹង ក្រុមយោធាដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ហើយថែមទាំងបានចាប់ឃុំខ្លួនមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរាប់រយនាក់ផងដែរ។
ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាទាំងនោះបានគំរាមបញ្ឈប់ការងាររបស់ពួកគេ បើទោះបីជាមានការឆ្លងមេរោគកូវីដ-១៩ នៅតែបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសដែលប្រជាជនចំនួន ៥៤ លាននាក់ក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ មិនអាចទាក់ទងរដ្ឋាភិបាលកងទ័ពថ្មីរបស់មីយ៉ាន់ម៉ា ដើម្បីសុំការអត្ថាធិប្បាយអំពីការធ្វើពហិការរបស់គ្រូពេទ្យ និងសញ្ញាទូលំទូលាយនៃការរីករាលដាលនៃក្រុមប្រឆាំងបានទេ។
គួរជម្រាបថា កំហឹងប្រឆាំងនឹងយោធាបានផ្ទុះឡើងនៅលើបណ្តាញសង្គមជាមួយនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាព និងទង្វើរបស់យោធាមីយ៉ាន់ម៉ា ដោយពួកគេបានចោទប្រកាន់ថា ក្រុមយោធាកំពុងបំផ្លាញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ទៅក្នុងនរក។