ទុស្សេឆ្នាំងសាកទូរស័ព្ទ បង្កជាអគ្គិភ័យឆាបឆេះរោងចក្រតម្បាញ យ៉ាងសន្ធោន្

0
14

ទុស្សេឆ្នាំងសាកទូរស័ព្ទ បង្កជាអគ្គិភ័យឆាបឆេះរោងចក្រតម្បាញមួយកន្លែងយ៉ាងសន្ធោន្ធៅ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ រោងចក្រនេះ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានផ្អាកដំណើរការតាំងពីឆ្នាំ២០០៦មកម្លេះ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្នាក់នៅកន្លែងកើតហេតុឈ្មោះ ពៅ ធូ ប្រាប់ថា ករណីអគ្គិភ័យឆាបឆេះនេះ គឺកើតឡើងដោយសារទុស្សេឆ្នាំងសាកទូរស័ព្ទ បណ្តាលឱ្យរាលដាល​ឆាបឆេះរោងចក្រតែម្តង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បង្កឲ្យខូចខាតរួមមាន ម៉ាស៊ីនដេរប្រហែល៤០គ្រឿង ម៉ា​ស៊ីន​​ផុងប្រហែលជាង៣០០គ្រឿង កង្ហាបញ្ឈរធំប្រហែល៤០គ្រឿង ក្រណាត់ប្រហែល​២០០​ការ៉ុង ដែកថ្ពក់ខោអាវប្រហែល៦០កេស ឧបករណ៍ប្រើប្រាស់និងឯកសាផ្សេងៗមួយចំនួនទៀត ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ។
អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែត បានចុះមកជួយអន្តរាគមន៍ ដោយ​ហៅ​រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជារបស់ក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនឯកជន និងរថយន្ត​ពន្លត់អគ្គីភ័យរបស់អង្គភាពអធិការនគរបាលក្រុងប៉ោយប៉ែតផងដែរ។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ក៍បានបញ្ជារថយន្ត​ពន្លត់​អគ្គីភ័យរបស់អធិការស្រុកមង្គលបូរី ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដើម្បីជួយបាញ់​ពន្លត់​ អគ្គិភ័យដែលឆាបឆេះនេះ ហើយបានរលត់ទាំងស្រុងនៅម៉ោងប្រហែល​៥ទៀបភ្លឺព្រឹក​ថ្ងៃ​ដដែល៕