ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្ត្រីជំនាញរកឃើញ

0
39
នៅថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ស្ថិតក្នុងផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ភេសជ្ជៈចំណុះ ៣៣០មីលីលីត្រ ចំនួន ៧កំបុង
-ទឹកសូដាចំណុះ ៥០០មីលីលីត្រ ចំនួន ២ដប
-ទឹកស៊ីវអ៊ីវខាប់ចំណុះ ៥០០មីលីលីត្រ ចំនួន ២ដប
-ស្ករគ្រាប់ទម្ងន់ ០.៥គីឡូក្រាម ចំនួន ១កំប៉ុង
បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕