ខ្ទើយដាច់យ៉ៃ…! យកកាំបិតភ្ជង់អ្នករត់ម៉ូតូឌុបមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ច

0
92

កណ្តាល៖កាលពីវេលាម៉ោង៩៖២០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះមាន ចោរភេទទី៣ ម្នាក់ ឈ្មោះ ណាក់ រតនា ហៅ ចាន់នី បានធ្វើសកម្មភាព ​យកកាំបិតភ្ជង់អ្នករត់ម៉ូតូឌុបម្នាក់ ប៉ុន្តែជាអកុសល ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់ខ្លួនបាន ហើយប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ តែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចលើផ្លូវក្រួសក្រហម ចុះទៅវត្តក្រពើហា ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបន្តថា កន្លងមកជនរងគ្រោះតែងតែមករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាម ផ្លូវជាតិលេខ៦ ជារៀងរាល់ថ្ងៃ។ ដោយឡែក នៅថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧៖០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូចំណុចដែលខ្លួនរត់ឌុបខាងលើ ពេលនោះ ជនសង្ស័យ ឈ្មោះណាក់ រតនា បានជិះ Passpp មកដល់ ហើយឈប់សួរជនរងគ្រោះថា ម៉ូតូឌុបមែន? ជនរងគ្រោះឆ្លើយថា នឹងហើយម៉ូតូឌុប ហើយជនសង្ស័យបន្តថា បើអញ្ចឹងឌុបខ្ញុំទៅវត្តក្រពើហា ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ភ្លាមនោះជនរងគ្រោះ ក៏ឌុបជនសង្ស័យ ចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា ឆ្ពោះទៅវត្តនៅទិសខាងលិច ចម្ងាយពីផ្លូវជាតិប្រហែល ៣គីឡូម៉ែត្រ តាមផ្លូវក្រួសក្រហម ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ។ ភ្លាមនោះជនសង្ស័យដកកូនកាំបិតចិតបន្លែ ភ្ជង់ ករ ជនរងគ្រោះគម្រាមយកទូរស័ព្ទម៉ាក Oppo ចំនួន ១គ្រឿង និងម៉ូតូ។

ជនរងគ្រោះ អង្វរជនសង្ស័យ សូមទុកជីវិត និងសុំឲ្យឌុបជូនមកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា ចាំឲ្យប្រាក់ចំនួន ១០ម៉ឺនរៀល។ បន្ទាប់មកជនសង្ស័យយល់ព្រម ហើយជនសង្ស័យក៏ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ ឃុំស្វាយអំពារ។ ពេលនោះជនសង្ស័យ សួរជនរងគ្រោះថា ទៅថ្នល់កែងតាមផ្លូវណា? ជនរងគ្រោះឆ្លើយកុហកថា បត់ខាងស្ដាំដៃទៅដល់ហើយ។

ពេលនោះជនសង្ស័យ ក៏បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយថា ចោរៗ លឺដូច្នេះប្រជាពលរដ្ឋ នៅទីនោះក៏បាននាំគ្នាជួយព័ទ្ធចាប់ជនសង្ស័យ រូចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់គំរាម យកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។

សូមជម្រាបថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាលស្រុកមុខកំពូល  ហើយកម្លាំងជំនាញ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធីផងដែរ៕