ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១ តាកែវ៖ យោងតាមការបញ្ជាក់ពី លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុក បានចុះបង្ក្រាបល្បែងស៊ីសង ០១កន្លែង (បៀរស៊ីគូរ) ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចយើងបានចុះទៅ ដល់កន្លែងកើតហេតុឃាត់ខ្លួនបានអ្នកលេងបៀរជាស្រ្តីមានគ្នា ០៣នាក់ មានឈ្មោះ ដូចខាងក្រោម ៖ ១.ឈ្មោះ ឆោម ស្រីណូ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។២.ឈ្មោះ ធន់ នឿន អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។៣.ឈ្មោះ សួន ផល្លី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ក្នុងពេលបង្ក្រាបសមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ ០១គ្រឿងម៉ាក BLADE ពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ក្រណាត់ក្រាលចំនួន០១ និងបៀរចំនួន០៥ហ៊ូ ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ ការលេងល្បែង និងកាត់បន្ថយការជួបជុំ ដើម្បីបញ្ជៀសការរីករាលដាលជំងឺកូវីត-១៩ (Covid-19)៕