តាមការរាយការណ៏បានអោយដឹងថា កាលពីល្ងាចថ្ងៃពុធ ទី ២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រក ចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប (​កំពង់​នង់)​ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់ កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់ (ស្រី០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែបតាមផ្លូវលំដើម្បី គេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។

ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រងចាំយកសំណាក។
ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕